ជំនាញទន់ ៦ ដែលចាំបាច់ខ្លាំងសម្រាប់អ្នកនាពេលអនាគត
ជំនាញទន់ ៦ ដែលចាំបាច់ខ្លាំងសម្រាប់អ្នកនាពេលអនាគត
March 12, 2025

Author:
Sengheng Kheav
មិនមែនតែជំនាញឯកទេស តែអ្នករៀនសាកលក៏គួររៀនជំនាញសំខាន់ៗ ៦ នេះដែរ ព្រោះវានឹងចាំបាច់ខ្លាំងសម្រាប់ជីវិតអ្នកទៅអនាគត
សាកលវិទ្យាល័យមិនត្រឹមតែជាកន្លែងដែលនិស្សិតអាចក្រេបយកចំណេះដឹងពាក់ព័ន្ធមុខជំនាញដែលខ្លួនជ្រើសរើសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងដែលអាចបង្រៀនជំនាញជីវិតសំខាន់ៗដែលអ្នកត្រូវការប្រើប្រាស់ក្នុងអនាគតផងដែរ។ តួយ៉ាងខាងក្រោមនេះគឺជាជំនាញសំខាន់ៗចំនួន ៦ ដែលនិស្សិតគួរតែឆ្លៀតពង្រឹងផងដែរខណៈកំពុងសិក្សានៅសាកលវិទ្យាល័យ៖
១. ជំនាញទំនាក់ទំនង
នៅសាកលវិទ្យាល័យ អ្នកអាចនឹងជួបមិត្តភក្តិ និងគ្រូបង្រៀនដែលមកពីកន្លែងផ្សេងៗគ្នា ជាឱកាសសម្រាប់អ្នកកសាងទំនាក់ទំនង និងសម្របខ្លួនជាមួយមនុស្សប្រភេទខុសៗគ្នា។ ព្យាយាមរៀនអំពីវិធីសាស្ត្រនិយាយឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងស្តាប់ដោយយកចិត្តទុកដាក់ ឬពុំដូច្នោះទេអាចពង្រឹងជំនាញទំនាក់ទំនងសង្គមរបស់អ្នកតាមការចូលរួមក្លឹប សមាគម ឬសកម្មភាពសង្គមនានា។
២. ជំនាញរស់នៅដោយឯករាជ្យ និងទទួលខុសត្រូវ
ការរស់នៅនៅសាកលវិទ្យាល័យជាពេលវេលាដ៏ល្អក្នុងការរៀនរស់នៅដោយឯករាជ្យដោយគ្មានការជួយពីគ្រួសារ មិនថារៀនអំពីការរៀបចំអាហារ និងទម្លាប់រស់នៅល្អ។ ចាប់ផ្ដើមពីការគ្រប់គ្រងបរិស្ថានរស់នៅដូចជាការសម្អាតផ្ទះ និងគ្រប់គ្រងសម្ភារនានាក៏អាចជួយឲ្យអ្នកក្លាយជាមនុស្សដែលអាចស្វែងរកជោគជ័យបានដែរ។
៣. ជំនាញគ្រប់គ្រងលុយកាក់
ការចំណាយលុយយ៉ាងមានប្រសិទ្ធភាពនៅសាកលវិទ្យាល័យអាចជួយអ្នកសន្សំលុយ និងជៀសវាងបំណុល។ អ្នកគួររៀនអំពីវិធីគ្រប់គ្រងចំណូល និងចំណាយ ហើយក៏គួរតែស្វែងរកការងារក្រៅម៉ោងខ្លះដើម្បីទទួលបានប្រាក់ចំណូល បទពិសោធន៍ និងធ្វើឲ្យអ្នកអាចប្រើប្រាស់ថវិកាបានល្អ។ ការចេះសន្សំលុយដូចជាចំណាយតែលើអ្វីដែលចាំបាច់ក៏នឹងជួយអ្នកគ្រប់គ្រងជីវិតបានល្អដែរ។
៤. ជំនាញដោះស្រាយបញ្ហា និងការចេះអត់ធ្មត់
ជីវិតសិក្សានៅសាកលវិទ្យាល័យរមែងជួបប្រទះការលំបាកនានា ប៉ុន្តែការព្យាយាមជម្នះ និងប្រឈមមុខនឹងបញ្ហាទាំងនេះអាចជួយឲ្យអ្នកក្លាយជាមនុស្សក្លាហាន។ ការចេះធ្វើចិត្តអត់ធ្មត់ និងព្យាយាមដោះស្រាយបញ្ហាផ្សេងៗអាចជួយឲ្យអ្នកមានភាពរឹងមាំនៅក្នុងអនាគត។ ក្នុងករណីខ្លះ អ្នកក៏អាចរៀនពីរបៀបស្វែងរកជំនួយពីមិត្តភ័ក្តិ និងគ្រូបង្រៀន ដែលជាវិធីមួយដែរដែលជួយឲ្យអ្នកគ្រប់គ្រងបញ្ហាដោយមានប្រសិទ្ធភាព។
៥. ជំនាញគ្រប់គ្រងពេលវេលា
ចូលរៀនសាកលវិទ្យាល័យហើយ គ្មានអ្នកណាមករៀបចំកាលវិភាគឲ្យយើងទៀតទេ។ គួររៀនរៀបចំអាទិភាពការងារ អ្វីដែលសំខាន់ អ្វីដែលអាចពន្យារពេលបាន។ រៀនរៀបចំផែនការទាំងការសិក្សា ការងារ និងជីវិតរស់នៅ។ ការរៀបចំពេលវេលាបានត្រឹមត្រូវអាចជួយយើងសម្រេចកិច្ចការមានប្រសិទ្ធភាព និងមានភាពជោគជ័យក្នុងជីវិតការងារ។
៦. ជំនាញបង្កើនទំនុកចិត្តលើខ្លួនឯង
ជំនាញដ៏សំខាន់មួយទៀតគឺការអភិវឌ្ឍទំនុកចិត្តលើខ្លួនឯង។ ព្យាយាមកសាងភាពជឿជាក់តាមរយៈការធ្វើបទបង្ហាញក្នុងថ្នាក់រៀន ការចូលរួមកម្មវិធីសង្គម និងការងាររយៈពេលខ្លីដែលអាចជួយអ្នកក្លាយជាមនុស្សដែលមានទំនុកចិត្ត។ ការសាកល្បងបទពិសោធន៍ថ្មីៗ និងដោះស្រាយបញ្ហាបានច្រើនក៏នឹងជួយឱ្យអ្នកកាន់តែរឹងមាំនិងមានទំនុកចិត្តលើខ្លួនឯងដែរ។
🔹 សន្និដ្ឋាន
ពេលវេលាសិក្សានៅសាកលវិទ្យាល័យគឺជាពេលវេលាដ៏សំខាន់ក្នុងការកសាងខ្លួនយើងដើម្បីឱ្យមានភាពរឹងមាំគ្រប់គ្រាន់ពេលចេញប្រឡូកក្នុងសង្គមការងារ ក៏ដូចជាមុខជំនួញផ្សេងៗទៅអនាគត។ ដូច្នេះហើយក្រៅពីជំនាញឯកទេស យើងក៏គួរអភិវឌ្ឍជំនាញបំនិនជីវិតនានាឱ្យបានរឹងមាំដូចគ្នា ហើយត្រូវចាំថាចំណេះដឹងយើងអាចស្វែងរកបានគ្រប់ពេលវេលា គ្រប់ទីកន្លែងមិនមែនត្រឹមតែក្នុងសៀវភៅ និងរបងសាលានោះទេ ៕