តើត្រូវធ្វើម៉េចទើបដឹងពីគោលដៅអាជីពដែលខ្លួនចង់បានបន្ទាប់ពីចប់ទី ១២?
តើត្រូវធ្វើម៉េចទើបដឹងពីគោលដៅអាជីពដែលខ្លួនចង់បានបន្ទាប់ពីចប់ទី ១២?
June 9, 2025

Author:
Sengheng Kheav
ស្របពេលដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជិតចូលមកដល់ ប្អូនៗមួយចំនួនកំពុងតែស្វះស្វែងធ្វើយ៉ាងណាដើម្បីប្រឡងជាប់ និងទទួលបាននិទ្ទេសល្អ ដើម្បីបញ្ចប់ឈ្មោះជាសិស្សវិទ្យាល័យ និងឈោងចាប់គោលដៅជំនាញសិក្សានៅសាកលវិទ្យាល័យដើម្បីស្របតាមអាជីពនាពេលអនាគតរបស់ខ្លួន។ មានប្អូនៗខ្លះក៏បានដឹងពីគោលដៅអាជីពរបស់ខ្លួន ខណៈដែលប្អូនៗខ្លះទៀតមិនទាន់បានដឹងនៅឡើយថាខ្លួនស្រឡាញ់អី និងចង់ធ្វើអីឱ្យប្រាកដ។ ការប្រឡងជាប់វាគ្រាន់តែជាចំណាប់ផ្ដើមដំបូងនៃជំពូកជីវិតតែប៉ុណ្ណោះ យ៉ាងណាមិញ មានប្អូនៗជាច្រើនកំពុងតែខ្វល់ខ្វាយថា តើពួកគេគួរតែធ្វើអ្វីបន្ទាប់ក្រោយចប់បាក់ឌុប ទាក់ទងនឹងការជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យ និងគោលដៅអាជីពរបស់ពួកគេ។
ដើម្បីដោះស្រាយនូវបញ្ហាទាំងអស់នេះ Sala នឹងផ្ដល់នូវគន្លឹះល្អៗមួយចំនួនសម្រាប់ប្អូនៗដែលមានដូចជា៖
១. ស្វែងរកពីអ្វីដែលខ្លួនស្រឡាញ់
ការដឹងពីអ្វីដែលខ្លួនស្រឡាញ់អាចនាំឱ្យជ្រើសរើសជំនាញសិក្សាត្រូវ និងគោលដៅអាជីពត្រូវ។ ពេលចប់បាក់ឌុប ប្អូនៗត្រូវធ្វើការវិភាគពីខ្លួនឯងឱ្យបានសុីជម្រៅពីអ្វីដែលខ្លួនស្រឡាញ់ និងចូលចិត្តធ្វើហើយធ្វើបានល្អជាងគេ។ លើសពីនេះប្អូនៗអាចចាប់ផ្ដើមសាកល្បងធ្វើអ្វីដែលថ្មីៗ ស្វែករកប្រធានបទថ្មីៗទាក់ទងនឹងអាជីពការងារ (អាចស្វែងរកបាននៅតាមបណ្ដាញសង្គម) ឬក៏ប្អូនៗអាច សួរខ្លួនឯងនូវសំណួរមួយចំនួនដូចជា៖
- តើមុខវិជ្ជាមួយណាដែលខ្ញុំស្រឡាញ់ជាងគេ និងចូលចិត្តរៀន?
- តើខ្ញុំចូលចិត្តការងារក្នុងវិស័យណា? (ដូចជាវិទ្យាសាស្ត្រ គណិតវិទ្យា សិល្បៈ ពាណិជ្ជកម្ម ឬបច្ចេកវិទ្យា)
- តើខ្ញុំមានទំនោរទៅខាងអី? សង្គម ឬក៏វិទ្យាសាស្ត្រ
- តើសកម្មភាពខ្ញុំរាល់ថ្ងៃខ្ញុំចូលចិត្តធ្វើអី?
បន្ទាប់ពីសួរខ្លួនឯងនូវសំណួរទាំងអស់នេះហើយ ប្អូនៗគួរតែយកមកពិចារណាឱ្យលម្អិតពីវា និងធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវមុននឹងចិត្តជ្រើសរើសជំនាញ និងគោលដៅអាជីពដែលខ្លួនស្រឡាញ់ ជៀសវាងជ្រើសរើសរៀនតាមមិត្តភក្តិ (រៀនតាមគ្នា) ពេលចូលរៀនហើយក៏ស្ដាយក្រោយ។ បើសិនជាប្អូនៗនៅតែពិបាកសម្រេចចិត្តថាខ្លួនស្រឡាញ់អ្វីឱ្យពិតប្រាកដ ប្អូនៗអាចចូលទៅប្រើប្រាស់មុខងារតេស្តបុគ្គលិកលក្ខណៈ (MBTI test) នៅក្នុង Sala App បានដើម្បីស្វែងយល់បន្ថែមពីខ្លួនឯង។
២. ស្វែងរកពីចំណុចខ្លាំង និងខ្សោយរបស់ខ្លួនឯង
សាកគិតមើលថាខ្លួនខ្លាំងអី និងខ្សោយអី? វាអាចជាមុខវិជ្ជាដែលប្អូនៗរៀននៅក្នុងថ្នាក់ ថាមុខវិជ្ជាមួយណាដែលប្អូនៗពូកែ និងធ្វើបានល្អជាងគេ។ បើមានទំនោរទៅខាងសង្គម ឬវិទ្យាសាស្រ្ត តើការងារអ្វីដែលប្អូនៗគួរសម្រេចចិត្តជ្រើសរើសដែលពាក់ព័ន្ធនឹងមុខវិជ្ជាទាំង ២ នេះ។ ក្នុងចំណុចនេះ មិនមែនសំដៅទាល់តែប្អូនៗខ្លាំងផ្នែកណាគួរតែជ្រើសរើសគោលដៅអាជីព និងជំនាញទាក់ទងនឹងផ្នែកដែលប្អូនៗពូកែនោះទេ តែវាអាស្រ័យលើចំណង់ចំណូលចិត្ត សមត្ថភាព និងការប្តេជ្ញារបស់ប្អូន។ បើពូកែតែមុខវិជ្ជាសង្គម ក៏មិនប្រាកដថាប្អូនៗមិនអាចធ្វើការងារទាក់ទងនឹងវិទ្យាសាស្រ្តបានដែរ សំខាន់ឱ្យតែប្អូនៗស្រឡាញ់ និងមានសមត្ថភាពធ្វើវា។ ម្យ៉ាងទៀត ការស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង វាមិនមែនស្ថិតតែលើមុខជំនាញដែលខ្លួនពូកែ និងមិនពូកែប៉ុណ្ណោះទេ តែវាក៏អាស្រ័យទៅលើសកម្មភាពប្រចាំថ្ងៃរបស់ប្អូនៗដែរ វាអាចទាក់ទងទៅនឹង ការគិតពិចារណា របៀបដោះស្រាយបញ្ហា របៀបធ្វើការងារ របស់ប្អូនៗដែលវាអាចឆ្លុះបញ្ចាំងពីខ្លួនរបស់ប្អូនៗផ្ទាល់។ បើចង់ដឹងពីខ្លួនកាន់តែច្បាស់គួរតែសាកល្បងធ្វើអ្វីដែលប្លែកៗពីគ្នាដើម្បីដឹងពីអ្វីដែលប្អូនធ្វើបានល្អ និងមិនបានល្អ។
៣. ស្វែងរកព័ត៍មានពីជំនាញ និងអាជីពការងារ
ពេលបញ្ចប់ការប្រឡងបាក់ឌុបភ្លាម ប្អូនៗមិនគួរនៅស្ងៀមឬមិនធ្វើអ្វីសោះនោះទេ។ ប្អូនៗគួរតែស្វះស្វែងរកព័ត៍មានផ្សេងៗទាក់ទងនឹង ជំនាញសិក្សា និងអាជីពការងារពីរៀមច្បងឬអ្នកដែលធ្លាប់ឆ្លងកាត់មុនយើង ព្រោះពួកគាត់អាចមានបទពិសោធន៍ច្រើន និងប្រឡូកក្នុងវិស័យការងារមុនយើង។ បើសិនប្អូនៗមិនស្គាល់សិស្សច្បងណាម្នាក់ ប្អូនៗអាចប្រឹក្សាយោបល់ជាមួយលោកគ្រូ អ្នកគ្រូរបស់ប្អូនៗបាន ដើម្បីឱ្យពួកគាត់ជួយតម្រង់ទិស និងណែរនាំផ្លូវ។ ឬម្យ៉ាងទៀតប្អូនៗក៏អាចឆែកមើលព័ត៍មានទាំងអស់នេះបានតាមរយៈអនឡាញក៏បានតែត្រូវតែប្រយ័ត្នចំពោះព័ត៍មានដែលគ្មានប្រភពច្បាស់លាស់។ ប្អូនៗអាចរកបានតាមរយៈ Facebook, YouTube, Linkedin ឬប្អូនៗក៏អាចឆែកមើលបាននៅក្នុង Sala App ឬវេបសាយ Sala.co ដែលនៅក្នុងនោះមានបញ្ចូលព័ត៍មានជាច្រើនទាក់ទងនឹងជំនាញសិក្សា ព័ត៍មានពីសាកលវិទ្យាល័យ ឱកាសអភិវឌ្ឍសមត្ថភាព ឱកាសចូលរួមសកម្មភាពសង្គមផ្សេងៗដែលប្រជុំទៅដោយមាតិកាអប់រំជាច្រើន និងការតម្រង់ទិសផ្សេងៗដែលមានប្រយោជន៍សម្រាប់អនាគតរបស់ប្អូនៗ។ បន្ទាប់ពីស្វែងរកព័ត៍មានពីជំនាញ និងអាជីពការងារទាំងអស់នោះបានហើយ ប្អូនៗគប្បីធ្វើការសម្រេចចិត្តជ្រើសរើស និងធ្វើការវិភាគឱ្យបានត្រឹមត្រូវដោយត្រូវគិតទៅលើ៖
- សមត្ថភាពដែលប្អូនៗមានទៅនឹងជំនាញឬអាជីពការងារដែលប្អូនៗបានជ្រើសរើស
- តម្រូវការទីផ្សារទៅលើជំនាញនោះ
- តម្លៃសិក្សា
- ជម្រើសសាកលវិទ្យាល័យ
- ឱកាសអាហារូបករណ៍ដែលផ្ដល់ដោយសាកលវិទ្យាល័យនោះ
- អត្ថប្រយោជន៍ និងគុណភាពសិក្សានៅសាកលវិទ្យាល័យទាំងនោះ (អាចសួរព័ត៍មានពីសិស្សច្បង)
៤. ស្វែងរកមជ្ឈមណ្ឌលប្រឹក្សាពីអាជីពការងារ
បើប្អូនៗនៅតែមិនទាប់ច្បាស់ថាការងារអ្វី ឬអាជីពណាដែលប្អូនគួរតែជ្រើសរើសនោះ ប្អូនគួរទៅរកមជ្ឈមណ្ឌលប្រឹក្សាយោបល់ពីអាជីពការងារ ដែលក្នុងនោះពួកគេផ្ដល់ឱ្យប្អូនៗនូវ៖
- ប្រឹក្សាយោបល់ពីអាជីពការងារ និងបង្កើតបណ្ដាញការងារជាមួយសហគ្រាសជាច្រើន
- ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាល និងកម្មវិធីចែករំលែកនានាដែលទាក់ទងនឹង ជំនាញទន់ ជំនាញរឹង និង ចូលរួមកម្មវិធីតម្រង់ទិសដើម្បីត្រៀមខ្លួនសម្រាប់អាជីពការងារ
- របៀបក្នុងការសម្ភាសន៍ និងការរៀបចំ CV, Resume និង Cover Letter ឱ្យបានល្អ
- ឱកាសការងារ ឬហាត់ការ ដែលនេះផ្ដល់ឱ្យប្អូនៗនូវការសាកល្បងធ្វើដើម្បីដឹងថាការងារអ្វីដែលសាកសមជាមួយប្អូនៗ និងជាអ្វីដែលប្អូនៗស្រឡាញ់ពិតប្រាកដ។
បើចង់បានឱកាសទាំងអស់នេះប្អូនៗអាចស្វែងរកមជ្ឈមណ្ឌលទាំងនេះតាមរយៈ Sala App បានដែលជាដៃគូរបស់ Sala ផ្ទាល់និងមានចំនួន ៥ ទីតាំង មានទាំងនៅ ភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនដូចជា បាត់ដំបង សៀមរាប និង ស្វាយរៀង។
សេចក្ដីសន្និដ្ឋាន៖ សរុបមកវិញ ដើម្បីដឹងពីគោលបំណងនិងគោលដៅថាខ្លួនចង់រៀនជំនាញអី និងចង់ធ្វើការក្នុងផ្នែកអី ប្អូនៗគប្បីស្វែងយល់ឱ្យបានច្បាស់ពីខ្លួនឯង និងហ៊ានសាកល្បងអ្វីដែលថ្មីៗ ស្ដាប់តាមបេះដូងរបស់់ខ្លួនឯង អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺប្អូនត្រូវស្វះស្វែងរកព័ត៍មានឱ្យបានច្រើនទាក់ទងនឹងអាជីពការងារ និងចូលរួមសកម្មភាពសង្គម និងការងារស្ម័គ្រចិត្តឱ្យបានច្រើនទាំងអស់នេះក៏អាចជាផ្លូវមួយជួយប្អូនៗអាចស្វែងរកខ្លួនឯង និងអ្វីដែលខ្លួនស្រឡាញ់។