មូលដ្ឋានគ្រឹះក្នុងការចាប់យកឬជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យ
មូលដ្ឋានគ្រឹះក្នុងការចាប់យកឬជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យ
February 27, 2025

Author:
Sengheng Kheav
ក្រោយពេលចប់បាក់ឌុបសិស្សគ្រប់រូបតែងតែស្វះស្វែងរកមុខជំនាញដើម្បីសិក្សានៅសាកលវិទ្យាល័យ។ សិស្សខ្លះបានដឹងពីចំណូលចិត្តរបស់ខ្លួនទៅលើមុខជំនាញដែលចង់រៀនបន្ត ឯសិស្សខ្លះទៀតនៅពុំទាន់ដឹងច្បាស់នៅឡើយថាខ្លួនចូលចិត្តអ្វី មានទំនោរទៅលើអ្វី ចង់រៀននូវមុខជំនាញអ្វីនៅឡើយ។ ខាងក្រោមនេះជាវិធីសាស្រ្ត និងគន្លឹះចំនួន ៤ ក្នុងការជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យឱ្យបានត្រឹមត្រូវ។
១. ត្រូវដឹងពីចំណង់ចំណូលចិត្តរបស់ខ្លួនឯង៖ ការដឹងពីអ្វីដែលខ្លួនស្រឡាញ់គឺសំខាន់ណាស់សម្រាប់ការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវក្រោយពេលបញ្ចប់ថ្នាក់វិទ្យាល័យ។ ប៉ុន្តែការស្វែងយល់ពីចំណូលចិត្តខ្លួនឯងនៅតែជាបញ្ហាសម្រាប់សិស្សមួយចំនួនដែលតែងតែចោទសួរថា តើពួកគេអាចដឹងពីចំណូលចិត្តរបស់ខ្លួនឯងដោយរបៀបណា។ ខាងក្រោមនេះជាចំណុចមួយចំនួនដើម្បីស្វែងយល់ពីចំណង់ចំណូលចិត្តរបស់យើង៖
- ការសរសេរកំណត់ហេតុប្រចាំថ្ងៃ - ជាមធ្យោបាយដ៏ល្អមួយក្នុងការស្វែងយល់ពីអ្វីដែលយើងចូលចិត្ត និង មិនចូលចិត្ត ព្រោះវាបង្ហាញពីចិត្តគំនិត អារម្មណ៍ និង បទពិសោធន៍ដែលយើងបានជួបប្រទះប្រចាំថ្ងៃ។
- សាកល្បងអ្វីថ្មីៗ: ការចូលរួមក្នុងសកម្មភាពសង្គម ឬ ការងារស្ម័គ្រចិត្ត ដែលអាចផ្ដល់បទពិសោធន៍ថ្មីៗជាដើមក៏អាចជាជំនួយមួយដ៏ល្អក្នុងការយល់ដឹងពីខ្លួនឯងបានមួយកម្រិតទៀតដែរ។
២. ស្វែងយល់ពីចំណុចខ្លាំង និង ចំណុចខ្សោយរបស់ខ្លួនឯង៖
សង្កេតមើលពីខ្លួនឯងឱ្យបានច្រើន និងវិភាគមើលថាខ្លួនពូកែខាងអ្វី និងខ្សោយខាងអ្វី។ ប្រៀបដូចជាការសិក្សានៅក្នុងថ្នាក់ យើងគួរស្វែងយល់ថា យើងពូកែមុខវិជ្ជាអ្វី និង ខ្សោយមុខវិជ្ជាអ្វី។ មួយវិញទៀត អាចសង្កេតមើលទៅលើសកម្មភាពរបស់យើងប្រចាំថ្ងៃថាអ្វីដែលយើងធ្វើបានល្អ និង ធ្វើមិនបានល្អ។ បន្ទាប់ពីដឹងថាយើងខ្លាំងអ្វី និងខ្សោយអ្វីហើយ ជាពេលដែលយើងគួរតែវិភាគមើលថា មុខជំនាញ និងការងារបែបណាដែលស័ក្តិសមនឹងយើង។
៣. ស្រាវជ្រាវព័ត៍មានទាក់ទងនឹងជំនាញផ្សេងៗឱ្យបានច្រើន៖
ព្យាយាមស្វែងរកព័ត៍មានផ្សេងៗទាក់ទងពីជំនាញ និងសាកលវិទ្យាល័យតាមរយៈអ៊ីនធឺណិត ឬ អាចចូលទៅស្វែងរកព័ត៍មានតាមវេបសាយរបស់សាកលវិទ្យាល័យផ្សេងៗ ឬ ក៏អាចស្វែងរកបានតាមរយៈវេបសាយ Sala.co ជាដើមដែលប្រមូលផ្តុំដោយព័ត៍មានជំនាញ និងសាកលវិទ្យាល័យ មិនថារដ្ឋ ឬឯកជន។
៤. ស្វែងយល់ពីសមត្ថភាពរបស់ខ្លួន៖
ការជ្រើសរើសជំនាញសិក្សាយើងមិនអាចជ្រើសរើសតាមអារម្មណ៍ ឬ តាមគេតាមឯងនោះទេ ព្រោះថាបើរើសខុសវាអាចនាំឱ្យយើងខាតពេលវេលា និងថវិកា។ មុននឹងសម្រេចចិត្តជ្រើសរើសជំនាញសិក្សា គួរយល់ដឹងពីសមត្ថភាពរបស់ខ្លួនឯង ក៏ដូចជាច្បាស់លាស់ជាមួយខ្លួនឯងជាមុនសិនថាតើអាចមានសមត្ថភាពរៀនមុខជំនាញដែលបានជ្រើសរើសដែរឬទេ។ មួយវិញទៀត គួរតែគិតគូរទៅលើលទ្ធភាពដែលយើងអាចចំណាយទៅលើថ្លៃសិក្សាផងដែរ។

