របៀបគិតទាំង ៦ ដែលមានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ
របៀបគិតទាំង ៦ ដែលមានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ
May 19, 2025

Author:
Sengheng Kheav
ការគិតមានឥទ្ធិពលខ្លាំងណាស់ទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ ផ្នត់គំនិតមួយដែលល្អត្រឹមត្រូវនឹងនាំយើងឱ្យដើរលើវិថីមួយដ៏ត្រឹមត្រូវ។ ការគិតរបស់មនុស្សម្នាក់ៗមានភាពខុសៗគ្នាទៅតាមចំណេះដឹង និងបទពិសោធន៍ដែលពួកគេបានឆ្លងកាត់រៀងៗខ្លួន។ ខាងក្រោមនេះ គឺជារបៀបគិតទាំង ៦ ដែល Sala គិតថាអាចមានប្រយោជន៍សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកទាំងអស់គ្នា។
១. គិតបញ្ហាជាឱកាស មិនមែនជាឧបសគ្គ
រៀនគិតបែបនេះធ្វើឱ្យយើងមិនភ័យខ្លាចនឹងបញ្ហា និងមានភាពក្លាហានដើម្បីប្រឈមមុខនឹងវា ព្រោះថាការដោះស្រាយបញ្ហាបានមួយ អាចបង្កើនសមត្ថភាពនៃគំនិត និងវិធីសាស្រ្តដោះស្រាយបញ្ហារបស់យើងបានមួយកម្រិត។ ទាំងនេះ ផ្ដល់ឱកាសឱ្យយើងរិះរកនូវអ្វីដែលថ្មីដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនោះ។ ការគិតបែបនេះ ត្រូវបានយកទៅអនុវត្តដោយបុគ្គលល្បីៗ និងអ្នកប្រាជ្ញមួយចំនួនដូចជា Thomas Edision ជាអ្នកបង្កើតនូវអំពូលភ្លើងដែលគាត់យកភាពងងឹតជាបញ្ហា។ Niko Tesla អ្នកបង្កើតចរន្តឆ្លាស់ និងជាអ្នកប្រាជ្ញមួយរូបខាងរិះរកអ្វីដែលថ្មីទាក់ទងនឹងអគ្គិសនី និងមេកានិច។ Karl Benz ជាអ្នកបង្កើតរថយន្ត។ Alexander Graham Bell ជាអ្នកបង្កើតទូរសព្ទដំបូង និង មហាសេដ្ឋីមួយចំនួនដូចជា Mark Zuckerberg អ្នកបង្កើត Facebook ដែលធ្វើឱ្យមនុស្សជុំវិញពិភពលោកទាក់ទងគ្នាបានងាយស្រួលជាងមុន។ Larry Page និង Sergey Brin អ្នកបង្កើត Google បូករួមនឹងអ្នកប្រាជ្ញា និងបុគ្កលល្បីៗ មហាសេដ្ឋីល្បីៗ មួយចំនួនទៀតដែលពួកគេសុទ្ធសឹងតែយកបញ្ហាជាឱកាសក្នុងការបង្កើតនូវអ្វីដែលថ្មី និងដំណោះស្រាយថ្មី។
២. ការគិតបែបឆ្លុះបញ្ចាំង
ការគិតបែបនេះសំដៅដល់ការគិតពីកំហុសរបស់ខ្លួននិងព្យាយាមរៀនអំពីវា ដើម្បីស្វែងរកផ្លូវទៅកាន់ភាពជោគជ័យនៃគោលដៅ។ ជាជាងការគិតបែបស្ដីបន្ទោសពីភាពបារាជ័យ បន្ទោសនេះបន្ទោសនោះថាជាអ្វីដែលរាំងស្ទះគោលដៅរបស់យើងដោយមិនព្យាយាមរៀនពីកំហុសថាហេតុអ្វីបានជាវាបែបហ្នឹង យើងមិនអាចរៀនពីកំហុសរបស់ខ្លួនឯង និងដឹកនាំខ្លួនឯងឱ្យដើតនៅលើផ្លូវដែលត្រឹមត្រូវបានទេ និងឈានទៅរកភាពជោគជ័យបានទេ។ មនុស្សដែលមានការគិតបែបឆ្លុះបញ្ចាំងបែបននេះ គេតែងរៀនពីកំហុសនិងស្វែងរកផ្លូវដែលត្រឹមត្រូវដើម្បីដើរតាមរយៈកំហុសទាំងអស់នោះ។
៣. គិតបែបឆ្នៃប្រឌិត
ការគិតបែបឆ្នៃប្រឌិត មានន័យថា គិតឲ្យខុសពីរបៀបគិតធម្មតា ឬគំនិតដែលគេមិនធ្លាប់ដឹង។ វាជាវិធីគិតដើម្បីស្វែងរកដំណោះស្រាយថ្មីៗ អ្វីដែលថ្មី ការបង្កើតថ្មី ដោយមិនដើរតាមចន្លោះគំនិតដដែលៗ។ តើយើងអាចធ្វើការគិតបែបនេះបានដោយរបៀបណា? ចម្លើយនោះគឺព្យាយាមរៀនពីអ្វីដែលថ្មីឱ្យបានច្រើន និងសង្កេតមើលគ្រប់បរិបទជុំវិញខ្លួន។ ការគិតនេះ អាចបានមកពីបទពិសោធន៍ជុំវិញខ្លួន និងចំណេះដឹង ដែលបានមកពីការស្រាវជ្រាវ និងការសិក្សា។
ឧទាហរណ៍នៃការគិតបែបនេះ៖ ការច្នៃបង្កើតរថយន្តអគ្គិសនីជំនួសឱ្យការចាក់សាំង ការច្នៃបង្កើតរ៉ូបូតឱ្យធ្វើការឱ្យមនុស្ស ការបង្កើតកសិកម្មដោយដាំបន្លែលើទឹកជាដើម។ល។ គំនិតនេះ អាចបានមកពីបទពិសោធន៍ជុំវិញខ្លួន និងចំណេះដឹង ដែលបានមកពីការស្រាវជ្រាវ និងការសិក្សា។
៤. គិតដោយប្រើប្រាស់ការពិចារណា និងចក្ខុវិស័យ
ប្រភេទការគិតនេះផ្អែកលើអារម្មណ៍ ខាងក្នុង និងការមើលឃើញពីចក្ខុវិស័យវែងឆ្ងាយ។ វាប្រើសម្រាប់ការស្វែងរកហេតុផល គោលគំនិត ស្វែងរកអ្វីដែលខុសនិងត្រូវ ដំណោះស្រាយបញ្ហា និងការដឹកនាំមនុស្ស។ ចំពោះការដឹកនាំមនុស្ស គឺអាស្រ័យលើចក្ខុវិស័យ និងការប្រើប្រាស់ការពិចារណាដូចគ្នា។ ឱទាហរណ៍៖ នៅពេលដឹកនាំបុគ្គលិកក្នុងក្រុមហ៊ុនមួយតម្រូវឱ្យមានចក្ខុវិស័យវែងឆ្ងាយ គិតវិភាគឱ្យបានសុីជម្រៅ និងតម្រូវឱ្យមានភាពវៃឆ្លាតខាងអារម្មណ៍ដើម្បីដឹងពីចិត្តរបស់បុគ្គលិក ដើម្បីធ្វើការលើកទឹកចិត្ត និងដឹងពីរបៀបគិតរបស់បុគ្គលិក។ ការគិតបែបនេះមានសារៈសំខាន់និងមានឥទ្ធិពលខ្លាំងណាស់ទៅលើការសម្រេចចិត្តនិងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ព្រោះថាបើយើងសម្រេចចិត្តទៅលើរឿងអ្វីមួយដោយគ្មានការគិតពិចារណាបានល្អិតល្អន់ គិតពីបញ្ហាប្រឈម គិតពីវិធីទប់ស្កាត់ និងគិតឱ្យបានសុីជម្រៅដោយប្រុងប្រយ័ត្ននោះទេ វាអាចនាំឱ្យយើងធ្វើការសម្រេចចិត្តខុស និងប្រឈមមុខនិងហានិភ័យខ្ពស់។ ការគិត បែបនេះភាគច្រើនបានមកពីធម្មជាតិនៃការយល់ដឹងផ្ទាល់ខ្លួន និង បទពិសោធន៍ជីវិត។
៥. គិតបែបឈ្នះៗ
គឺជាវិធីគិតដែលផ្អែកលើការបង្កើតដំណោះស្រាយឲ្យបានល្អបំផុត។ វាស្រដៀងនឹងការប្រកួតប្រជែងគ្នារវាងគំនិត ហើយជ្រើសយកតែគំនិតដែលឈ្នះ ឬមានប្រសិទ្ធភាពខ្ពស់។
ឧទាហរណ៍៖
បញ្ហា៖ ក្រុមសិស្សម្នាក់ត្រូវបង្កើតគម្រោងអាជីវកម្មមួយដើម្បីប្រកួតជាមួយក្រុមផ្សេងៗក្នុងសាលា។
ការគិតបែបឈ្នះៗ៖
- ពួកគេមិនគិតតែអំពីការចូលរួមទេ ប៉ុន្តែគិតពីរបៀបធ្វើឲ្យគម្រោងរបស់ខ្លួន ល្អជាងគេ។
- ពួកគេពិនិត្យគម្រោងរបស់គេជាច្រើនដង ដើម្បីរកចំណុចខ្សោយនិងធ្វើឲ្យវាលេចធ្លោជាងគេ។
- ពួកគេច្នៃប្រឌិតរបៀបធ្វើបទបង្ហាញ (Presentation) ឲ្យមានសោភ័ណភាព ងាយចាំ ដើម្បីឱ្យមានភាពទាក់ទាញ។
- ពួកគេចូលរួមការធ្វើបទបង្ហាញដោយមានការរៀបចំល្អ មានការជឿជាក់
ការគិតបែបឈ្នះៗនៅមានន័យថា មិនមែនត្រឹមតែច្នៃប្រឌិតទេ ប៉ុន្តែគិតដើម្បី ឈ្នះ និងឈានមុខអ្នកដទៃ ដោយប្រើប្រាស់គំនិតថ្មីៗបន្សំជាមួយការយល់ដឹងរបស់ខ្លួន។
៦. ការគិតបែបយុទ្ធសាស្រ្ត
ការគិតបែបនេះ សំដៅដល់ការកំណត់គោលដៅ ការរៀបចំផែនការ ការវិភាគ និង សម្លឹងមើលអនាគតវែងឆ្ងាយ ដើម្បីរៀបចំផែនការសម្រាប់ត្រៀមប្រឈមមុខនឹងវា។ រៀនគិតបែបនេះ ជួយឱ្យយើងរៀនកំណត់ដឹងពីគោលដៅប្រចាំថ្ងៃរបស់យើង មិនថាប្រចាំខែ ប្រចាំឆ្នាំ និងប្រចាំសប្ដាហ៍ អាចជាការដាក់គោលដៅដើម្បីសម្រេចអ្វីមួយ ឬដើម្បីធ្វើរឿងអ្វីមួយ ដែលវាផ្ដល់ឱ្យយើងនូវវិន័យសម្រាប់ខ្លួនឯង និងការរៀបចំទុកសម្រាប់ពេលអនាគតវែងឆ្ងាយ។
សរុបមក ការគិតអាចគ្រប់គ្រង និងតម្រង់ផ្លូវជីវិតរបស់យើងបាន។ បើយើងមានផ្នត់គំនិតមួយដ៏ល្អ វីថីជីវិតរបស់យើងនឹងបាញ់ទិសដៅទៅរករឿងដែលល្អ។

- ទាញយក Sala App៖ https://onelink.to/7yz2t8
- តាមដានព័ត៍មានអាហារូបករណ៍ និង ឱកាសជាច្រើន៖ https://t.me/Sala_Community

