អត្ថបទទី២ លើប្រធានបទ "កុំបោះបង់ខ្លួនឯង"

អត្ថបទទី២ លើប្រធានបទ "កុំបោះបង់ខ្លួនឯង"

អត្ថបទទី២ លើប្រធានបទ "កុំបោះបង់ខ្លួនឯង"

August 6, 2025

Share to :

author

Author:

សុខ លីមបួយ


​​​​​                                                        ប្រធានបទ៖  កុំបោះបង់ខ្លួនឯង

តើពាក្យ “ បោះបង់ ” មានន័យយ៉ាងដូចម្តេច?

     ពាក្យ " បោះបង់ " មានន័យទូលំទូលាយ ហើយអាចសំដៅទៅលើស្ថានភាព ឬសកម្មភាពផ្សេងៗគ្នា អាស្រ័យលើបរិបទជាក់លាក់។ ជាទូទៅ វាមានន័យថា ការចាកចេញ ឬការលះបង់អ្វីមួយ ជាពិសេសនៅពេលដែលអ្នកលែងត្រូវការ   និងមិនសំខាន់តទៀត។  ការបោះបង់មានច្រើនប្រភេទណាស់ ឧទាហរណ៍៖ ការបោះបង់ទ្រព្យសម្បត្តិ/សិទ្ធិ,  ការបោះបង់ការងារ, ការបោះបង់ចោលនូវអ្វីផ្សេងៗ......។

តើការបោះបង់ជាដំណោះស្រាយដ៏ល្អសម្រាប់មនុស្សគ្រប់រូបមែនដែរឬទេ?

     ខ្ញុំជឿថាកំហុសដ៏ធំបំផុតមួយដែលអ្នកនឹងធ្លាប់ធ្វើ ហើយការសោកស្តាយដ៏ធំបំផុតមួយដែលអ្នកនឹងមាន គឺការបោះបង់ខ្លួនឯង។  ប៉ុន្តែអ្វីដែលអ្នកបានធ្វើនេះមានន័យថាមិនមែនជាអ្វីដែលគិតថាត្រឹមត្រូវនោះទេ។
     ការបោះបង់ខ្លួនឯងមិនមែនជាដំណោះស្រាយនោះទេ តែវាជាការបាត់បង់ជំនឿលើខ្លួនឯង និងសមត្ថភាពរបស់អ្នក។  វាត្រូវការការសិក្សាពីខ្លួនឯង ដើម្បីដឹងថាពេលណាជាពេលវេលាត្រឹមត្រូវដើម្បីបន្តទៅមុខទៀត។ ការបោះបង់ខ្លួនឯងត្រូវបានកំណត់លក្ខណៈដោយការមានគំនិតអវិជ្ជមាន និងការទាញទម្លាក់ដោយអ្នកដ៏ទៃ ឬការមិនមានបំណងប្រាថ្នាដើម្បីធ្វើឱ្យអ្វីៗកាន់តែប្រសើរឡើង និងដើម្បីដើរលើផ្លូវត្រឹមត្រូវវិញ។  ការលះបង់ខ្លួនឯងមិនមានជាប់ពាក់ព័ន្ធជាមួយនឹងលទ្ធផលខាងក្រៅនោះទេ ប៉ុន្តែជាអ្វីគ្រប់យ៉ាងដែលទាក់ទងទៅនឹងរបៀបដែលអ្នកបានធ្វើ នឹងការសម្រេចចិត្តដែលអ្នកធ្វើវា។ ហេតុផលដែលអ្នកបោះបង់ចោលខ្លួនឯងព្រោះ អ្នកមានអារម្មណ៍ភ័យខ្លាច ការថប់បារម្ភនិងទុក្ខព្រួយ នៅពេលអ្នកបានប្រឈមមុខនឹងរឿងអាក្រក់។ មនុស្សយើងមានការពិបាកដើម្បីជៀសវាងភាពមិនល្អ ហើយការលះបង់ខ្លួនឯងគឺជាយន្តការការពារអ្នកពីការភ័យខ្លាច ឬការឈឺចាប់ដែលអ្នកកំពុងជួបប្រទះពិតមែន ប៉ុន្តែវិធីសាស្ត្រនោះមិនទទួលបានផលទេ។  ខណៈពេលដែលអ្នកអាចបោះបង់ខ្លួនឯង អ្នកមិនអាចចាកចេញពីខ្លួនអ្នកបានទេ ដូច្នេះរាល់ថ្ងៃអ្នកត្រូវមើលខ្លួនឯងក្នុងកញ្ចក់ ហើយរស់នៅជាមួយការពិតដែលអ្នកបានជ្រើសរើសសម្រាប់ខ្លួនអ្នក។  ជីវិតដ៏សោកសៅ នៃការបរាជ័យគឺជាផ្នែកមួយនៃជីវិតរបស់មនុស្សម្នាក់ៗ ដូច្នេះកុំដាក់សម្ពាធបញ្ចូល ជាការឆ្លុះបញ្ចាំងរូបភាពដ៏អាក្រក់របស់អ្នក។  អ្វីៗមិនដំណើរការល្អឥតខ្ចោះទេ ឬតាមផែនការដែលបានគ្រោងទុកទេ។ ដូច្នេះកុំវាយតម្លៃខ្លួនឯង ឬសមត្ថភាពរបស់អ្នកពេលធ្វើមិនបាន។ ប្រសិនបើអ្នកមានអារម្មណ៍ថាចង់បោះបង់ខ្លួនឯងនោះ ចូរអ្នកសិក្សាពីទស្សនៈរបស់ទស្សនវិជ្ជាល្បីៗជាច្រើនរូប គួរគប្បីសិក្សារួច ប្ដេជ្ញាព្យាយាមព្យាបាល និងជ្រើសរើសនៅស្ងៀមស្ងាត់មួយរយៈពេលដ៏ខ្លី ហើយក្រោកឡើងវិញសារជាថ្មី នោះហើយជារបៀបដែលអ្នកមិនបោះបង់ខ្លួនឯង ហើយខ្ញុំលើកទឹកចិត្តអ្នកឱ្យឈានជើងសាកល្បងចូលទៅប្រយុទ្ធដោយភាពអត់ធន់។
     បើអ្នកបោះបង់ខ្លួនឯង ប្រៀបប្រដូចជាភ្នំដ៏ចោតមួយដែលអ្នកខំតោងស្រវ៉ាឡើងអស់រាប់លានគីឡូម៉ែត្រ អស់ទាំងកម្លាំងកាយ និងពេលវេលាអញ្ចឹង។ វាមិនសំខាន់ថាអ្នកណាបោះបង់អ្នក ឬមនុស្សចុងក្រោយដែលគួរបោះបង់អ្នកគឺខ្លួនអ្នកទេ។  អ្នកបានឆ្លងកាត់ថ្ងៃដ៏អាក្រក់បំផុត យប់គេងមិនលក់ គិតខ្វល់ខ្វាយ និងការចងចាំដ៏ខ្មៅងងឹតទាំងអស់នេះដើម្បីអ្វី?  ដើម្បីឱ្យអ្នកបោះបង់? កាលដែលអ្នកទទួលបានការឈឺចាប់ទាំងនេះគួរតែធ្វើឱ្យអ្នកកាន់តែរឹងមាំ ធ្វើឱ្យអ្នកគិតកាន់តែឆ្លាតវៃ និងជារួមធ្វើឱ្យអ្នកក្លាយជាមនុស្សម្នាក់ប្រសើរជាងមុនបាន។ កុំបោះបង់ការក្លាយទៅជាអ្វីមួយ កុំបោះបង់គំនិតដ៏មានប្រយោជន៍សម្រាប់ខ្លួនឯង។ ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ថា ចិត្តរបស់អ្នកកំពុងវ៉ៃដណ្ដើមអ្នកខ្លួនឯងនោះ គឺគំនិតរបស់អ្នកកំពុងតែគ្របដណ្ដប់លើអារម្មណ៍របស់អ្នក ទាំងស្រុងដោយមិនបានជ្រើសរើសខ្លួនអ្នក ហើយបន្តដំណើរទៅមុខទៀត។ 

“៥ ចំណុចសំខាន់ ដែលអ្នកមិនអាចបោះបង់ខ្លួនឯងចោល មិនថាបានជួបអ្វីក្នុងជីវិតក៏ដោយ” ៖

១. ដាក់គោលដៅអនាគតរបស់ខ្លួនច្បាស់លាស់
     គោលដៅ ជាផ្លូវនៃជីវិតរបស់បុគ្គលគ្រប់រូប។ ទោះបីជាបុគ្គលផ្សេងទៀតមិនយល់ ឬប្រឆាំងក៏ដោយ កុំបោះបង់ក្តីស្រមៃរបស់អ្នក ព្រោះវាជាចំណងចងអនាគតរបស់អ្នក។ នៅពេលអ្នកមានគោលដៅប្រៀបដូចជាអ្នកមានផែនទីនៅក្នុងដៃក្នុងការដើរទៅមុខបន្តទៀត។ អ្នកដែលចេះកំណត់គោលដៅ ជាអ្នកដែលមានទិសដៅច្បាស់លាស់ក្នុងជីវិត។

២. មានភាពជឿជាក់លើខ្លួនឯងជានិច្ច
     ពេលអ្នកជឿជាក់លើខ្លួនឯង អ្នកអាចធ្វើអ្វីក៏បានដែរ ទោះបីជាមានការបរាជ័យ ត្រូវយល់ថា វាជាបច្ចេកទេសសម្រាប់រៀន ជាបទពិសោធន៍ ប៉ុន្តែមិនមែនជាផ្លូវបញ្ចប់ឡើយ។ មានជំនឿជឿជាក់លើខ្លួនឯង ជាគ្រឿងអលង្ការដ៏មានតម្លៃជាងគេបង្អស់ដែលបានតុបតែងលម្អលើរាងកាយ និងចិត្តអ្នកពិតប្រាកដ

៣. កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ
     ជីវិតមនុស្សម្នាក់ គឺមានរយ:ពេលខ្លីណាស់ និងមានការរស់នៅតាមផ្លូវខុសៗគ្នា។ អ្នកមិនចាំបាច់រត់ឱ្យលឿនជាងអ្នកដទៃទេ តែអ្នកត្រូវរត់ឱ្យលឿនជាងខ្លួនឯងកាលពីម្សិលមិញ។ កុំឱ្យការប្រៀបធៀប បំផ្លាញទឹកចិត្តអ្នក និងភាពជឿជាក់លើខ្លួន។ អ្នកត្រូវជួយខ្លួនឯងកើនឡើងមួយកម្រិតម្តងៗ មិនមែនបង្ខំខ្លួនឯងដូចគេគ្រប់សព្វបែបយ៉ាងទើបហៅថាល្អទេ។

៤. ចេះស្រឡាញ់ និងផ្តល់តម្លៃឱ្យខ្លួនឯង
     ការស្រឡាញ់ខ្លួនឯង ជាគន្លឹះនៃសុភមង្គល និងសុខភាពផ្លូវចិត្ត។ វាមិនមែនជាជម្រើសទេ តែជាការចាំបាច់។ កុំឱ្យអារម្មណ៍ធុញថប់ ឬកិច្ចការច្រើនៗធ្វើឱ្យភ្លេចថា “ខ្លួនគួរត្រូវបានការស្រឡាញ់ពីខ្លួនឯងផងដែរ”។ ម៉្យាងទៀត ការឱ្យតម្លៃខ្លួនឯងច្រើន ទោះបីជាគ្មាននរណាបានផ្តល់ឱ្យអ្នកក៏ដោយ។ កុំឱ្យបញ្ហា កំហុសកន្លងមក ឬពាក្យមិនល្អបង្ខំឱ្យអ្នកមានអារម្មណ៍ថា “ខ្លួនគ្មានតម្លៃ”។ អ្នកមានតម្លៃគ្រប់ពេល និងការគោរពខ្លួនឯង ជាជំហានដំបូងនៃការក្លាយជាមនុស្សខ្លាំង ជាពិសេសមិនងាយបោះបង់ខ្លួនឯងឡើយ។

៥. កុំអោយអតីតកាលកំណត់លើអនាគតអ្នក
     ការដែលមានកំហុសខុសឆ្គងម្សិលមិញមិនស្មើនឹងបរាជ័យថ្ងៃស្អែកទេ។  អតីតកាល គឺជាសៀវភៅសម្រាប់រៀន អនុវត្ត មិនមែនជាផែនទីនាំទៅកន្លែងបោះបង់ឡើយ។ រៀនចេះទទួលស្គាល់ការពិតដែលបានកើតឡើង ប៉ុន្តែកុំរស់ក្នុងរឿងរ៉ាវពេលកន្លងមកនោះ។   អតីតកាលមិនអាចផ្លាស់ប្ដូរបាន ប៉ុន្តែត្រូវចងចាំថាអនាគតអ្នក គឺស្ថិតនៅក្នុងដៃអ្នក។
​     ជារួមមក  អ្នកគួរទម្លាក់ខ្លួនអ្នកចុះបន្តិច កុំផ្តល់សម្ពាធ ហើយព្យាយាមព្យាបាលផ្លូវចិត្ត និងគំនិតដោយគិតពីផលវិជ្ជមាន ហើយអ្វីៗនឹងកើតឡើងដោយមានផលល្អក្នុងពេលវេលាណាមួយ។  ក្នុងគ្រាដ៏លំបាកនេះ អ្នកត្រូវតស៊ូដើម្បីអ្វីដែលអ្នកមាន ភាពជឿជាក់ តស៊ូ និងគិតថាអ្នកជាអ្នកណា ធ្វើដើម្បីនរណា កុំឱ្យអ្នកដទៃគ្រប់គ្រងអ្នក និងចង្អុលមុខអ្នក នៅពេលដែលគេមិនដឹងថាអ្នកកំពុងដើរតាមផ្លូវណាឡើយ។

     “ដូច្នេះ សូមកុំចុះចាញ់ដោយសារតែជំពូកអាក្រក់ទី១ក្នុងជីវិតរបស់អ្នក ព្រោះនៅមានជំពូកជាច្រើនទៀតដែលអ្នកនឹងប្រឈមមុខ ហើយអ្នកក៏អាចដោះស្រាយដើរបន្តបន្ទាប់ទៅមុខទៀតបាន និងសូមកុំបោះបង់ខ្លួនឯងជានិច្ច។”

-

រៀបរៀងដោយ៖ សុខ​ លីមបួយ

ត្រឡប់ក្រោយ