
Author:
គង់ នីតា
ប្រធានបទ៖ “ សាកល្បង ”
ជាទូទៅរឿងដែលគួរឱ្យសោកស្ដាយបំផុតនៅក្នុងឆាកជីវិត គឺការដែលមិនហ៊ានសាកល្បងធ្វើរឿងអ្វីដែរថ្មីៗ ឬធ្វើរឿងដែលខ្លួនចង់ធ្វើជាដើម។ ហេតុអ្វីត្រូវខ្លាច បើគ្រាន់តែសាកល្បងសោះ សាកល្បងសិនទៅបើជោគជ័យក៏ត្រេកអរ តែបើបរាជ័យក៏រៀនពីកំហុស ហើយប្រសិនបើជួបរឿងនេះម្ដងទៀត ក៏ធ្វើឱ្យបានល្អបំផុតទៅ ព្រោះយើងបានត្រៀមទុកមុន ដើម្បីទុកជាចំណេះដឹងនៅពេលក្រោយៗទៀតជាដើម។
ជាការពិតណាស់ បើឱ្យនិយមន័យ សាកល្បង មានន័យថា ការព្យាយាមធ្វើរឿងអ្វីមួយដែលថ្មី មិនធ្លាប់បានធ្វើ ឬសាកល្បងធ្វើពីមុនៗ ហើយក៏ចាប់ផ្ដើមហ៊ានសាកល្បងធ្វើរឿងទាំងអស់នោះ ទោះដឹងថានិងទទួលបានលទ្ធផលបែបណាក៏ដោយ ក៏ត្រូវតែសាកល្បងសិនទើបដឹង។ ដូចដែលបានរៀបរាប់ខាងលើនេះ នៅក្នុងសន្និវាសយើងនេះ គ្មានអ្វីដែរគួរឱ្យខ្លាច ឬសោកស្ដាយ ជាជាងដែលមិនហ៊ានសាកល្បងធ្វើរឿងដែរខ្លួនឯងស្រលាញ់ ឬរឿងថ្មីៗឡើយ រមែងតែងតែយកលេសថា ខ្លាចធ្វើទៅមិនទៅមុខ ខ្លាចបរាជ័យ ខ្លាចគេសើចចំអក ចេះតែខ្លាចនេះ ខ្លាចនោះ រហូតលែងហ៊ានធ្វើសូម្បីតែរឿងដែរខ្លួនឯងស្រលាញ់ជាដើម។ ដូចពាក្យស្លោកគេនិយាយថា ពិបាកកែប្រែបំផុតគឺខ្លួនឯង ហើយអ្វីដែលគួរឱ្យខ្លាចបំផុតក៏ជាខ្លួនឯងដែរ គ្មានអ្វីដែលពិបាកឬខ្លាចជាជាងយកឈ្នះចិត្ដខ្លួនឯងឡើយ។ បើនិយាយដល់ចំណុចនេះ ជឿជាក់ថានរណាៗក៏ធ្លាប់ឆ្លងកាត់ រហូតក៏ប្រែក្លាយជាទម្លាប់បាត់ទៅហើយ ប៉ុន្ដែបើក្រឡេកមកមើលរូបនាងខ្ញុំវិញ ក៏មិនខុសគ្នាដែរ។ ចូលមកដល់ត្រង់ចំណុចនេះនាងខ្ញុំសុំបង្វែរអារម្មណ៍បកក្រោយទៅស្ដាប់រឿងអតីតកាលបន្ដិច កាលនៅវ័យអនុវិទ្យាល័យ បើនិយាយពីឱកាសក្នុងការរៀនពីអ្វីដែលថ្មីៗក៏មានគួរសមដែរ រហូតមកទល់ឥឡូវស្ថិតនៅក្នុងវ័យជានិស្សិតសាកលវិទ្យាល័យ ក៏ឱកាសនៅតែមាន សម្រាប់អនុវត្ដចំណេះ និងជំនាញផ្សេងៗ។ ប៉ុន្ដែមានកូនចិត្ដមួយ រមែងតែងតែបង្អាក់នូវឱកាសទាំងអស់នោះ ហើយក៏បោះបង់ចោល ទាំងដែលឱកាសនូវនិងមុខ រហូតយូរៗទៅឆ្នាំចាស់ផ្លាស់ទៅ ឆ្នាំថ្មីក៏ចូលមកដល់ជារឿយៗ និយាយរួមទៅអ្វីៗប្រែប្រួលតែថ្ងៃ ខែ និងឆ្នាំទេ ប៉ុន្ដែការខ្លាចមិនហ៊ានសាកល្បងអ្វីដែលថ្មីៗ គឺនៅតែដដែល ពេលខ្លះខ្ញុំឆ្ងល់ខ្លួនឯងដែរ ហេតុអ្វីត្រូវខ្លាច ហេតុអ្វីបានមិនឈានជើងដើរទៅមុខ សាកល្បងសិនទៅ ប៉ុន្ដែចម្លើយដែលទទួលបានមកវិញ គឺមិនហ៊ាន។ ពាក្យមិនហ៊ាន ពីរពាក្យនេះហើយ បានដក់ជាប់នៅក្នុងខួរក្បាលរបស់ខ្ញុំ ហើយតែងតែប្រាប់ថា កុំធ្វើៗ ហើយនៅទីបំផុតខ្ញុំក៏បោះបង់វាម្ដងហើយម្ដងទៀតពិតប្រាកដមែន។ ដោយសារតែភាពភ័យខ្លាចនេះ ខ្លាចនោះ រហូតដល់ថ្ងៃមួយខ្ញុំគិតថាខ្លួនឯងជាមនុស្សមិនបានការ គ្មានចំណេះដឹង គ្មានប្រយោជន៍ជួយដល់គ្រួសារ និងសង្គមជាតិ ខ្ញុំក៏ធ្លាប់មានគំនិតគិតខ្លីម្ដងៗ ហើយក៏ធ្លាប់មើលគេផ្សព្វផ្សាយពីការធ្វើអត្ដឃាតខ្លួនតាមបណ្ដាញសង្គមនានា ដោយការលោតទឹកសម្លាប់ខ្លួនជាដើម ហើយងាកមកខ្ញុំវិញក៏ធ្លាប់មានគំនិតយករឿងទាំងអស់នោះមកដាក់ក្នុងខួរក្បាល ហើយគិតថាបើខ្ញុំធ្វើរឿងនោះមែន តើខ្ញុំនិងផុតទុក្ខ បាត់ភ័យខ្លាចហើយមែនទេ ចម្លើយគឺទេប៉ុន្ដែកាន់តែធ្វើឱ្យខ្ញុំភ័យខ្លាចជាងមុនទៅទៀត។ បើរាប់ពីចំនួនដែលខ្ញុំសួរចិត្ដខ្លួនឯង គឺរាប់មិនអស់ឡើយ ដូច្នេះខ្ញុំក៏បើកចិត្ដ ហើយសួរថាតើខ្ញុំខ្លាចនិងធ្វើរឿងដែលថ្មី ឬខ្ញុំខ្លាចខ្លួនឯងឱ្យប្រាកដ សួរថាខ្លាចធ្វើអ្វីបើធ្វើរឿងត្រឹមត្រូវ រឿងដែលមានប្រយោជន៍សោះនិង បន្ទាប់ពីចោទសួរខ្លួនឯងដដែលៗ នៅទីបំផុតខ្ញុំក៏ទទួលបានចម្លើយ ថាការដែរធ្វើឱ្យខ្ញុំភ័យខ្លាចកន្លងមក រហូតចងខ្លួនឯងជាប់ មិនឱ្យដើរតាមក្ដីស្រមៃគឺមកពីការខ្លាចខ្លួនឯង។ ជាការពិតណាស់ បន្ទាប់ដឹងពីមូលហេតុ ខ្ញុំក៏បានចាយពេលវេលាច្រើនណាស់នៅក្នុងការសិក្សាស្វែងយល់ពីខ្លួនឯងកន្លងមក រហូតដល់ថ្ងៃមួយខ្ញុំបានព្យាយាមបើកចិត្ដទទួលយក រឿងដែលខ្ញុំបានដាក់ឈ្មោះថា ខ្លាច ឱ្យក្លាយទៅជាឱកាសវិញម្ដង។ ហើយចាប់តាំងពីថ្ងៃនោះមក ខ្ញុំក៏ប្រាប់ខ្លួនឯងថាសាកល្បងសិនទៅ បើបរាជ័យក៏រៀនសូត្រម្ដងទៀត រហូតការប្រាប់ខ្លួនឯង ក៏ក្លាយទៅជាឱកាសបានចូលរួមប្រកួតប្រជែងការសរសេរអត្ថបទ ដែលគេតម្រូវឱ្យជ្រើសរើសរឿងដែរខ្លួនស្រលាញ់ហើយយកទៅសង្ខេប ហើយទីបំផុតខ្ញុំក៏បានជាប់ជាបេក្ខជនស្ថិតក្នុងតារាងកំពូល ភាសាអង់គ្លេសហៅថា (Top) ទោះមិនបានលេខមួយ ក៏ខ្ញុំចាត់ទុកថាជាបទពិសោធន៍មួយដែលខ្ញុំហ៊ានចូលរួមជាមួយបេក្ខជនមួយរាជធានីភ្នំពេញផងដែរ។ នេះជាជំហានដំបូងដែលខ្ញុំមានមោទនភាពចំពោះខ្លួនឯង ហើយបានសន្យាថាត្រូវតែបន្ដ និងសាកល្បងអ្វីថ្មីៗ ក៏ដូចជាព្រមបើកចិត្ដទទួលយករឿងរ៉ាវដែលចូលមកក្នុងជីវិតរបស់ខ្ញុំជាដើម។ បន្ទាប់ពីបានភ្លក្សរសជាតិការសាកល្បងដំបូងរួចមក ដូច្នេះចូរមកដល់ការសាកល្បងរសជាតិដែលកាន់តែថ្មីៗស្ថិតក្នុងវ័យជានិស្សិតសាកលវិទ្យាល័យវិញម្ដង។ បើនិយាយពីជិវិតនៅសាកល គឺពិតជាមានភាពមម៉ាញឹកខ្លាំងទៅលើកិច្ចការស្រាវជ្រាវ និងកិច្ចការធ្វើបទបង្ហាញជាក្រុមដែលលោកគ្រូ និងអ្នកគ្រូបានដាក់ឱ្យគ្រប់ក្រុមនីមួយៗធ្វើ។ ហើយនៅពេលបង្ហើយកិច្ចការជាក្រុមនៅសាលាចប់ មកដល់ផ្ទះក៏ត្រូវមានកិច្ចការស្រាវជ្រាវធ្វើជាហូរហែរជារៀងរាល់សប្ដាហ៍ បើទោះបីជាការរៀនរវល់យ៉ាងណាក៏ដោយ ក៏ខ្ញុំមិនភ្លេចឡើយ ការឆ្លៀតពេលចូលរួមជាធ្លុងមួយក្នុងការធ្វើការងារស្ម័គ្រចិត្ដជួយសង្គមជាតិជាដើម ហើយខ្ញុំក៏បានចូលធ្វើជាអ្នកស្ម័គ្រចិត្ដជាមួយសាលាបញ្ញាសាស្រ្ដផងដែរ ជឿជាក់ថានិយាយដល់សាលានេះ ប្រាកដណាស់ថាប្រិយមិត្ដអ្នកអាន ក៏ដូចជាមិត្ដរួមជំនាន់បានស្គាល់ច្បាស់ណាស់ពីសាលាដែរមានកេរ្ដិ៍ឈ្មោះល្បាញល្បីមួយនេះ ហើយខ្ញុំក៏ជាក្មេងស្រីម្នាក់ដែរបានស្ម័គ្រចិត្ដនៅក្នុងស្ថាប័ននេះ ទៅលើការងារសហគមន៍ គឺខ្ញុំបានចូលរួមនៅក្នុងកម្មវិធីរួមគ្នាដើម្បីក្ដីសង្ឃឹមកុមារ រួមគ្នាដើម្បីមួយរយគ្រួសារ និងកម្មវិធីលំដាប់ថ្នាក់អន្ដរជាតិផងដែរ ពិតប្រាកដណាស់ ប៉ុន្មានខែកន្លងមកខ្ញុំពិតជាបានរៀនសូត្រច្រើនណាស់ ពីមនុស្សជុំវិញខ្លួន ក៏ដូចជាសិក្សារៀនសូត្រនិងចែករំលែកចំណេះដឹង និងបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក។ មួយវិញទៀត នៅក្នុងឆ្នាំ ២០២៥ នេះក៏ខ្ញុំនៅតែជាអ្នកស្ម័គ្រចិត្ដនៅក្នុងស្ថាប័ននេះដដែល រហូតដល់ថ្ងៃមួយ ដោយសារការព្យាយាម ហ៊ានចាប់យកឱកាសថ្មី ខ្ញុំក៏បានក្លាយទៅជាផ្នែកមួយនៃសមាជិកស្នូលរបស់ស្ថាប័នមួយនេះផងដែរ។ ចំណែកឯបុគ្គលមួយចំនួនខ្លះ គិតថាវាជារឿងដែរចាយពេលឥតប្រយោជន៍ ពោលគឺគ្មានទៅបានប្រាក់កម្រៃមកវិញឡើយក្នុងការធ្វើការងារស្ម័គ្រចិត្ដ ត្រង់ចំណុចនេះគឺត្រូវខ្លះ ព្រោះស្ថាប័នខ្លះគេមានផ្ដល់ជាប្រាក់កម្រៃ តែការងារស្ម័គ្រចិត្ដដែរខ្ញុំធ្វើមិនបានប្រាក់កម្រៃមកវិញទេ មានតែចាយពេលវេលា កម្លំាងកាយ ចិត្ដទៅវិញថែមទៀត ប៉ុន្ដែអ្វីដែរខ្ញុំទទួលបានមកវិញលើសពីប្រាក់កាក់ទៅទៀតនោះគឺ ចំណេះដឹង និងបទពិសោធន៍ សមដូចសុភាសិតមួយពោលថា វិជ្ជាជាទ្រព្យជាប់នឹងប្រាណ ចោរលួចក៏មិនបាន ចាយច្រើនរឹតតែចម្រើនឡើង។
សរុបសេចក្ដីមក ដូចដែលបានរៀបរាប់រាល់សាច់រឿងទាំងអស់ខាងលើនេះ នាងខ្ញុំសូមផ្ដល់កម្លាំងកាយចិត្ដទៅដល់ប្រិយមិត្ដអ្នកអានអត្ថបទមួយនេះថា ការដាស់ខ្លួនឱ្យភ្ញាក់ពីសុបិន្ដអាក្រក់ សុបិន្ដដែលបង្អាក់ ឬបន្លាចខ្លួនឯង ដោយការបោះជំហានទៅសាកល្បងធ្វើរឿងរ៉ាវដែរថ្មីៗ រៀនសូត្រ ក៏ដូចជាក្រេបជញ្ជក់ឱ្យស្គាល់គ្រប់រសជាតិនៃជីវិត និងធ្វើរឿងបច្ចុប្បន្នឱ្យល្អជាងអតីតកាល ធ្វើរឿងថ្ងៃនេះឱ្យល្អជាងម្សិលមិញ ព្រោះយើងមិនដឹងទេថាថ្ងៃស្អែកយើងអាចមានឱកាសដកដង្ហើមបានទៀតឬអត់ទេ ព្រោះជីវិតមនុស្សខ្លីណាស់ មិនដឹងថាវិនាទីនេះ ម៉ោងនេះ ថ្ងៃនេះ ឬថ្ងៃស្អែកនិងទៅជាយ៉ាងណានោះឡើយ ប៉ុន្ដែអ្វីដែលសំខាន់នោះ គឺបានធ្វើរឿងដែលខ្លួនឯងស្រលាញ់ ធ្វើតាមក្ដីស្រមៃ ធ្វើឱ្យអស់ពីកម្លាំងកាយ ចិត្ដ ទោះលទ្ធផលនិងទៅជាយ៉ាងណាក៏ព្រមទទួលយក ព្រោះថាបើនៅតែមិនហ៊ានទេនោះ ថ្ងៃណាមួយយើងនិងសោកស្ដាយអស់មួយជីវិត សោកស្ដាយដែលមិនបានសាកល្បងធ្វើរឿងដែលខ្លួនយើង ឬបានកំណត់ទុកជាស្រេច អាស្រ័យហេតុនេះហើយ ហ៊ាន សិនទើបដឹងថាជីវិតមានរសជាតិយ៉ាងណា។
-
រៀបរៀងដោយ៖ គង់ នីតា

