
Author:
ផាន់ គិចលីម
ប្រធានបទ៖ ការប្រឡង
ការប្រឡងគឺជាការតេស្តសមត្ថភាពរបស់សិស្សានុសិស្ស ប៉ុន្តែពេលខ្លះពិន្ទុនៃលទ្ធផលប្រឡងមិនមែនសុទ្ធតែបានបញ្ជាក់ពីសមត្ថភាពរបស់សិស្សនោះទេ ពេលខ្លះអ្នកដែលបានពិន្ទុតិច ឬចំណាត់ថ្នាក់ទាបមិនមានន័យថាពួកគាត់មិនសូវចេះឬពុំសូវមានសមត្ថភាព តែពួកគាត់អាចនឹងមានការធ្វេសប្រហែសនៅអំឡុងពេលប្រឡងឬ អារម្មណ៍ភ័យក្នុងពេលប្រឡង ដែលធ្វើឲ្យលទ្ធផលមិនបានល្អ ហើយសិស្សខ្លះទៀតអាចនឹងភ្លេចភ្លាំងលំហាត់ដែលពួកគេធ្លាប់ធ្វើអំឡុងពេលប្រឡង ឬភ័យរហូតដល់ច្រឡំចម្លើយ។
ជាងនេះទៅទៀតក្នុងការប្រឡងក៏អាស្រ័យទៅលើសំណាងខ្លះដែរ បើយើងមានសំណាងលំហាត់ឬមេរៀនដែលបានរៀនត្រូវនឹងអ្វីដែលចេញក្នុងការប្រឡង។ ដូចនេះហើយការប្រឡងមិនបានកំណត់ថា ពួកយើងពូកែឬមិនពូកែទាំងស្រុងទេ ការធ្វេសប្រហែស ឬកំហុសតែងតែកើតមានឡើងជានិច្ច ឯសមត្ថភាពពិតពូកែឬមិនពូកែ ចេះឬមិនចេះអ្នកដែលដឹងច្បាស់បំផុតគឺជាខ្លួនយើងផ្ទាល់។ ឯការប្រឡងគ្រាន់តែជាការសាកល្បងមួយដែលជួយដល់សិស្សៗក្នុងការសិក្សាអំពីចំណុចខ្វះខាតរបស់ខ្លួនដើម្បីពង្រីកសមត្ថភាពរបស់ខ្លួនឯងបន្ថែមទៀត ។ យើងអាចរៀនពីការគ្រប់គ្រងពេលវេលាបើយើងជាមនុស្សដែលយឺតយ៉ាវ ត្រូវតែពន្លឿនលឿនក្នុងការធ្វើបន្ថែម បើយើងជាមនុស្សងាយភ័យខ្លាច ត្រូវហ៊ានប្រឈមមុខឲ្យបានច្រើន ហើយបើយើងឆាប់បាក់ទឹកចិត្តត្រូវចេះលើកទឹកចិត្តខ្លួនឯងរៀនមានមោទនភាពជាមួយភាពជោគជ័យដែលខ្លួនធ្លាប់មានទោះជាតិចតួចឬតូចតាចក៏ដោយ ហើយបើយើងមិនចេះ ត្រូវរៀនអំពីចំណុចឬលំហាត់ដែលយើងធ្វើខុស រៀនធ្វើវាឡើងវិញ ការប្រឡងបន្ទាប់ទោះជាយើងមិនទាន់ទទួលបានលទ្ធផលល្អ តែវាក៏បានការផ្លាស់ប្តូរខ្លះ អោយតែយើងបន្តខិតខំទៅមុនទៀត យើងនឹងកាន់តែរៀនសូត្រពីភាពខ្វះខាតរបស់ខ្លួននិងកែលម្អខ្លួនឯងបានកាន់តែល្អប្រសើរ ។
ចំពោះការប្រឡងទី១២ក៏ដូចគ្នាដែរ និទ្ទេសមិនមែនជាអ្នកកំណត់អនាគតរបស់ពួកយើងទាំងស្រុងនោះទេ ហើយក៏មានសិស្សដែលពូកែជាច្រើនមិនទទួលបាននិទ្ទេសដែលខ្លួនចង់បាន ទោះជាខ្លួនខំប្រឹងខ្លាំងហើយក៏ដោយ ខ្លះក៏បាក់ទឹកចិត្តជាខ្លាំង គិតថាខ្លួនកំពុងតែបរាជ័យ តែការពិតទៅមិនមែនបែបនោះទេ និទ្ទេសអ្វីក៏ដោយគឺមិនសំខាន់ទេ ឲ្យតែយើងមានសមត្ថភាពពិត មានសាលាជាច្រើនដែលតម្រូវអោយមានការប្រឡងចូល ហើយការប្រឡងចូលនោះ គឺយកសមត្ថភាពមកប្រឡងមិនមែននិទ្ទេស ។ ក្រៅពីការប្រឡងចូលក្នុងសាកលវិទ្យាល័យមួយចំនួនហើយនោះ ក៏នៅមានអាហាររូបករណ៍ជាច្រើនដែលតម្រូវឲ្យមានការប្រឡង បើយើងមានសមត្ថភាពហើយជឿជាក់លើខ្លួនឯងកុំផ្តោតទៅលើនិទ្ទេស មិនបាក់ទឹកចិត្ត មិនបោះបង់ យើងអាចសាកល្បងប្រឡង ទោះជាលទ្ធផលយ៉ាងណាក៏ដោយ ។ ក្នុងការប្រឡងចូលសាកលនេះដែល ជាក់ស្តែងទៅសិស្សដែលប្រឡងបាននិទ្ទេសល្អខ្លះ ក៏នៅតែមិនអាចប្រឡងចូលបាន តែបែរជាសិស្សដែលមិនបាននិទ្ទេសល្អណាស់ណាប្រឡងចូលបាន នេះហើយដែលបញ្ជាក់ថា ឲ្យតែយើងមានសមត្ថភាព ព្យាយាមមិនបោះបង់ ហើយរៀនពីចំណុចខ្វះខាតខ្លួន យើងប្រាកដជាអាចធ្វើបានជាក់ជាមិនខាន ។
ប៉ុន្តែបើទោះជាលទ្ធផលប្រឡងចេញមកមិនសមបំណងរបស់យើងក៏ដោយ យើងគួរតែរៀនទទួលយកលទ្ធផលទាំងនោះ និងសិក្សាអំពីចំណុចខ្វះខាតព្រមទាំងកែលម្អវាឡើងវិញ ការប្រឡងគ្រាន់តែជាជំហានមួយ មិនមែនជាការកំណត់ភាពពូកែឬបរាជ័យ មានសិស្សជាច្រើនដែលពូកែ ប៉ុន្តែបានពិន្ទុទាប មានអ្នកខំខ្លាំងណាស់ ប៉ុន្តែពិន្ទុមិនសមបំណង ។ ប្រាកដណាស់យើងនិងអស់សង្ឃឹមដែលខំប្រឹងជាខ្លាំងតែលទ្ធផលមិនដូចអ្វីដែលបានខំ យើងនឹងចង់បោះបង់អ្វីៗគ្រប់យ៉ាង យល់ថាជីវិតមួយនេះបរាជ័យហើយ តែថា ការប្រឡងបញ្ចប់ថ្នាក់ទី១២ មិនមែនជាពេលវេលាកំណត់ភាពជោគជ័យឬបរាជ័យនោះទេ វាគ្រាន់តែជាការបោះជំហានចូលទៅកាន់ដំណើរជីវិតថ្មីមួយ ដំណើរនោះពោរពេញទៅដោយបញ្ហា និងការលំបាក។ តែបើយើងមានភាពក្លាហានក្នុងការប្រឈម និងយកបទពិសោធន៍ពីវិទ្យាល័យមកប្រើប្រាស់ ដោយជឿជាក់លើខ្លួនឯង យើងនឹងអាចឈានដល់ភាពជោគជ័យបានថ្ងៃណាមួយ។ ការប្រឡងមិនខុសពីការបន់ស្រន់ យើងគិតថារាល់បំណងប្រាថ្នារបស់យើងសុទ្ធតែជោគជ័យព្រោះតែការបន់ស្រន់តើមែនទេ ? ការពិតទៅរាល់បំណងប្រាថ្នារបស់យើងគឺជោគជ័យព្រោះយើងខិតខំប្រឹងប្រែង មិនបោះបង់ទោះជាជួបបញ្ហាជាច្រើនយើងក៏នៅតែបន្តធ្វើវា ។ក្នុងដំណើរជីវិតយើងមានរឿងរ៉ាវជាច្រើនទៀតដែលនឹងមិនសមបំណងរបស់យើងកំពុងតែរង់ចាំយើង ។
ដូច្នេះហើយ សម្រាប់អ្នកដែលប្រឡងមិនទទួលបានលទ្ធផលដែលខ្លួនចង់បាន បើយើងមានអារម្មណ៍ថា បាក់ទឹកចិត្ត ឬចង់យំ អ្នកអាចយំបាន តែសូមកុំបោះបង់ការខិតខំចោល កុំផ្តោតទៅលើលទ្ធផល តែត្រូវជឿជាក់លើសមត្ថភាពពិតរបស់ខ្លួន ខិតខំបន្តទៀត ជីវិតរបស់យើងមិនមែនឋិតនៅលើនិទ្ទេស ឯមនុស្សដែលពូកែពិត គឺជាអ្នកដែលចេះរៀនសូត្រពីភាពខ្វះខាតរបស់ខ្លួននិងចេះស៊ូមិនបោះបង់ចោល ។
-
រៀបរៀងដោយ៖ ផាន់ គិចលីម

