How to find a scholarship

របៀបស្វែងរកអាហារូបករណ៍

តើអាចស្វែងរកអាហារូបករណ៍ដោយវិធីណាខ្លះ?

August 31, 2021

Share to :

author

Author:

Leakna Khemarak


ការសិក្សា និងការអប់រំ គឺជាធាតុស្នូលដ៏សំខាន់ពុំអាចខ្វះបានក្នុងជីវភាពរស់នៅរបស់មនុស្សជាតិ។ ភាពបន្តឥតព្រំដែននៃការសិក្សារៀនសូត្រ គ្មានអ្វីជាទីបញ្ចប់ឡើយ ដរាបណានៅតែមានជីវិត ការតស៊ូ និងភាពជឿជាក់លើខ្លួនឯងនៅតែមាន ស្របតាមសម័យកាលទំនើបភាវូបនីយកម្មនៃពិភពលោកបច្ចុប្បន្ននិងអនាគត។

ក្ដីសុបិន្តរបស់សិស្សានុសិស្សគ្រប់រូប តែងចង់ទទួលបានការអប់រំមួយ ដែលមានគុណភាព ហើយថែមទាំងអាចជួយសម្រួលបន្ទុកគ្រួសារបានទៀតផង ហេតុផលនេះហើយ ទើបពួកគេស្វះស្វែងសិក្សា ខិតខំរៀនសូត្រ
ស្វែងរកឱកាសសិក្សា និងអាហារូករណ៍នានា ទាំងក្នុងស្រុកនិងក្រៅស្រុក។

អ្វីទៅជាអាហារូបករណ៍?

“អាហារូបករណ៍” យើងអាចនិយាយបានថាជាពានរង្វាន់លើកទឹកចិត្ត ជាជំនួយ ជាឱកាស ស្ដែងឡើងតាមរយៈរូបភាពផ្ដល់ជា ទឹកប្រាក់​ រយៈពេលនៃការសិក្សា កន្លែងស្នាក់នៅ ដោយឥតគិតថ្លៃ ដែលការឧបត្ថម្ភ និងផ្គត់ផ្គង់នោះមានគោលបំណងតម្រង់ទិសនៃការសិក្សារបស់សិស្ស និសិ្សត ឬបុគ្គលណាមួយដែលមានសមត្ថភាព ក្នុងការបន្តការសិក្សានៅក្នុងកម្រិតណាមួយ។​

តើអាចស្វែងរកដោយវិធីណាខ្លះ?

ក្នុងមួយឆ្នាំៗ​អាហារូបករណ៍ជាច្រើន ដែលទទួលបានមកពីរាជរដ្ឋាភិបាល ស្ថាប័នរដ្ឋ ឬម្ចាស់ជំនួយនៅតាមស្ថាប័នឯកជន ដែលគោលបំណងរបស់ពួកគេនោះគឺជួយគាំទ្រការសិក្សារបស់យុវជន បង្កើនធនធានមនុស្ស ដើម្បីរូបរួមអភិវឌ្ឍន៍ជាតិ និងលើកស្ទួយវិស័យអប់រំឱ្យស្របតាមសម័យកាលបដិវត្តន៍ឧស្សាហកម្ម ៤.០​ ។

ប្រភពព័ត៌មានដែលទាក់ទងទៅនិងអាហារូបករណ៍ អ្នកទាំងអស់គ្នាអាចទៅស្វែងរកបាននោះមានដូចជា ៖

  •  📍 ធ្វើការសាកសួរនៅក្រសួងអប់រំ យុវជន និងកីឡា (នាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍)
  •  📍 តាមដានទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា (MoEYS Cambodia)
  •  📍 ការប្រកាសនៅតាមស្ថានទូតរបស់ប្រទេសនីមួយៗ ប្រចាំនៅប្រទេសកម្ពុជា
  •  📍 អង្គការ ឬសមាគមន៏នានា នៅក្នុងប្រទេស ឬក្រៅប្រទេស
  •  📍 ការិយាល័យសិក្សា នៅតាមសាកលវិទ្យាល័យ ឬ វិទ្យាល័យ
  •  📍 គេហទំព័រនានាដែលផ្សព្វផ្សាយដំណឹងអាហារូបករណ៍
  •  📍 ប្រព័ន្ធផ្សព្វផ្សាយ តាមហ្វេសប៊ុក គេហទំព័រ ទូរទស្សន៍ វិទ្យុ។ល។

តើអ្វីខ្លះដែលអ្នកគួរត្រៀម?

ដំបូងបំផុតដែលអ្នកទាំងអស់គ្នាត្រូវធ្វើនោះគឺ ការគិតពិចារណា ការចង់បានរបស់ខ្លួនឯងផ្ទាល់ ថា, “តើមូលហេតុអ្វីទើបត្រូវការឱកាសមួយនេះ? តើប្រយោជន៍នៃការទទួលបានសាកសមនិងការលះបង់ដែរឬទេ? តើការទទួលបានឱកាសនេះសាកសមនិងសមត្ថភាព ឬជំនាញរបស់អ្នកដែរឬទេ? តើអាហារូបករណ៍នោះមានប្រភពច្បាស់លាស់ដែរឬទេ?” មូលហេតុដែលអ្នកទាំងអស់គ្នាគួរសាកសួរខ្លួន​ឯងនោះគឺ ជៀសវាងមានការស្ដាយក្រោយក្នុងការចំណាយពេលសិក្សាមិនត្រូវចំមុខជំនាញ ឬទេពកោសល្យ ដោយអ្នកទាំងអស់គ្នាអាចទុកឱកាសនោះ ឱ្យទៅអ្នកឯទៀតដែលពួកគាត់សាកសម នឹងអាហារូបករណ៍នោះ។​

​ត្រលប់មកវិញ អ្វីដែលអ្នកទាំងអស់គ្នាគួរធ្វើក្នុងការត្រៀមលក្ខណៈនោះគឺ៖

  •  📍 ការខិតខំរៀនសូត្រឱ្យទទួលបានលទ្ធផលល្អ កម្រិតសិក្សាល្អ ជារឿងចាំបាច់ដែលអ្នកត្រូវធ្វើមុនគេ
  •  📍 ការតាំងចិត្ត ការត្រៀមខ្លួន មានផែនការ និងការទាញយកឱកាសល្អ ជារឿងមួយដែលសំខាន់សម្រាប់ ការចាប់យកនូវអាហារូបករណ៍នោះបានដោយជោគជ័យ
  •  📍 ផ្លាស់ប្ដូរយោបល់ជាមួយមនុស្សជំុវិញខ្លួន ជាពិសេសគ្រួសារ មិត្តភក្តិ រៀមច្បងដែលធ្លាប់ទទួលបានឱកាសនោះពីមុនមក 
  •  📍 ការលើកទឹកចិត្តជាកាតាលីករដែលជំរុញឱ្យការតាំងចិត្តរបស់យើងមានភាពក្លាហានថែមមួយកម្រិតទៀត
  •  📍 ចំណាយពេលស្រាវជ្រាវរកប្រភព និងដំណឹងឱកាសអាហារូបករណ៍ឱ្យបានច្រើន សិក្សាស្វែងយល់ពីឱកាសនោះ
  •  📍 ផ្តោតសំខាន់ទៅលើតម្រូវការនៃអាហារូបករណ៍ (ឯកសារផ្ទាល់ខ្លួន ឯកសារការសិក្សា…)
  •  📍 តាមដានកាលបរិច្ឆេទ ថ្ងៃលក់ពាក្យ ដាក់ពាក្យ ថ្ងៃប្រលង និងថ្ងៃប្រកាសលទ្ធផល។
ត្រឡប់ក្រោយ