នៅក្នុងប្រទេសកម្ពុជាយើងវិស័យកសិកម្មគឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដែលវិស័យមួយនេះមានតាំងពីបុរាណកាលមកម្ល៉េះ ដោយមានការរីកចម្រើនពីមួយសម័យកាលទៅមួយសម័យកាល យើងក៏បានអភិវឌ្ឍវិស័យនេះឱ្យទៅជា វិស័យកសិ-ឧស្សាហកម្ម ដើម្បីឱ្យសមស្របទៅតាមតម្រូវការរបស់មនុស្សនាពេលបច្ចុប្បន្ន ។
កសិ-ឧស្សាហកម្មជាអ្វី?
កសិ-ឧស្សហកម្ម ជាកសិកម្មមួយប្រភេទដែលជាទូទៅមានទ្រង់ទ្រាយធំ ហើយជាប្រភេទ កសិកម្ម ដែលប្រើគ្រឿងយន្តទំនើបៗមានប្រើជីគីមី និងថ្នាំសម្លាប់សត្វល្អិតចង្រៃ ដើម្បីទទួលបានទិន្នផលខ្ពស់ពីដំណាំអ្វីមួយ ។ ជាធម្មតាក្រុមហ៊ុនមួយដាំដំណាំមួយមុខ ឬដាំដំណាំខុសៗគ្នា ពីរ បីមុខ ប៉ុន្តែក្នុងបរិមាណច្រើនណាស់ ។ នៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ ផលិតផលភាគច្រើនមានដូចជា ផលិតផលសាច់ បន្លែ ផ្លែឈើ ទឹកដោះគោ និងស៊ុត ជាដើម គឺសុទ្ធតែត្រូវបានផលិតដោយអនុវត្តរបៀបធ្វើកសិកម្មបែបឧស្សាហកម្ម។
ប្រភេទដីសម្បទានសេដ្ឋកិច្ចផ្សេងៗ ដែលរដ្ឋាភិបាលផ្ដល់ទៅឱ្យក្រុមហ៊ុន នៅកម្ពុជា ជាឧទាហរណ៍រួមមាន៖
- ពោត
- ដំឡូងមី
- ម៉ៃសាក់ និងអាកាស្យា
- ស្វាយចន្ទី
- អំពៅ
- ល្ពៅ
- ស្រូវ
- ដូង និងល្ហុងប្រេង
- កន្លែងបង្កាត់ពូជជ្រូក
- កៅស៊ូ ។ល។
តើអ្វីជា ជំនាញកសិ-ឧស្សាហកម្ម?
កសិ-ឧស្សាហកម្ម គឺជាវិស័យមូយដែលមានសារៈសំខាន់សម្រាប់បណ្ដាប្រទេសទាំងអស់ដោយវាពឹងផ្អែកទៅលើការចេះ កែច្នៃ នៃផលិតផលកសិកម្មដែលមានស្រាប់នៅក្នុងប្រទេសរបស់់ខ្លួន ។ វាជាជំនាញមួយដែលមានការបណ្ដុះបណ្ដាលយ៉ាងទូលំទូលាយដែលអាចឪ្យយើងស្វែងយល់ក្នុងការកែច្នៃផលិតផលកសិកម្មឪ្យទៅជាផលិតផលសម្រេច ឬពាក់កណ្ដាលសម្រេច ដោយយើងផ្ដោតសំខាន់ទៅលើការកែច្នៃអាហារ ការរក្សាគុណភាពអាហារ សិក្សាលើសារធាតុចិញ្ចឹម និងទីផ្សារផលិតផលជាដើម ។
ជំនាញកសិ-ឧស្សាហកម្ម
- ចំណេះដឹងមូលដ្ឋានសម្រាប់សិក្សាជំនាញនេះមាន
ជីវវិទ្យា និងគីមីវិទ្យា
- ការសិក្សាដើម្បីទទួលសញ្ញាប័ត្រលើមុខជំនាញនេះ
មានរយៈពេល ៤ ឆ្នាំ ស្មើនឹង ១៤៧ ក្រេឌីត
- ចំណេះដឹងដែលសិស្សទទួលបានក្រោយបញ្ចប់ការសិក្សា
- យល់ដឹងពីមូលដ្ឋានគ្រឹះក្នុងការកែច្នៃកសិផល បច្ចេកទេស និងវិទ្យាសាស្រ្ដអាហារ
- យល់ដឹងបច្ចេកវិទ្យាក្រោយការប្រមូលផល និងបច្ចេកវិទ្យាជីវអាហារ
- យល់ដឹងពីការគ្រប់គ្រងសុវត្ថិភាពអាហារ និងទទួលបានចំណេះដឹងភាសាអង់គ្លេស។
- អង្គភាព ឬមូលដ្ឋានដែលអាចទៅបម្រើការងារ
- ស្ថាប័នរដ្ឋ
- ក្រុមហ៊ុនផលិតអាហារ
- មន្ទីរពិសោធន៍វិភាគគុណភាពអាហារ ។
- អាជីពសម្រាប់អ្នកជំនាញកសិ-ឧស្សាហកម្ម
- ទីប្រឹក្សាផ្នែកកសិកម្ម
- អ្នកជំនាញអាហារូបត្ថម្ភសត្វ
- អ្នកគ្រប់គ្រងកសិកម្ម
- មន្ត្រីជលផល
- ភូគព្ភវិទូ
- អ្នកវិទ្យាសាស្ត្រដីនិងរុក្ខជាតិ
- អ្នករៀបចំផែនការអភិរក្ស
- វិស្វករកសិកម្ម
- សេដ្ឋវិទូកសិកម្ម ។
ផលប្រយោជន៍នៃ កសិ-ឧស្សាហកម្ម
- ប្រជាជនមានការងារធ្វើនៅក្នុងស្រុក
- កាត់បន្ថយការនាំចូលផលិតផលកសិ-ឧស្សាហកម្ម
- កែច្នៃផលិតផលកសិកម្មឱ្យទៅជាផលិតផលឧស្សាហកម្មដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ
- អភិវឌ្ឍជំនាញក្នុងការកែច្នៃផលិតផលកសិកម្ម
- មានកំណើនសេដ្ឋកិច្ចតាមរយៈវិស័យមួយនេះ ។ល។
កសិ-ឧស្សាហកម្មនៅកម្ពុជា
យោងតាមការផ្សាយរបស់ រំដួលប៉ុស្ដិ៍ នៅក្នុងឆ្នាំ ២០២០ ដែលយោងតាមសំណេររបស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចំពោះរបាយការណ៍បឋមស្តីពីវឌ្ឍភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហកម្មសំខាន់ៗចំនួន ០៦ មុខ ក្នុងឆ្នាំ ២០២០ រួមមាន ដំណាំដំឡូងមី ដំណាំស្វាយចន្ទី ដំណាំស្វាយ ដំណាំចេកអំបូងលឿង ដំណាំមៀនប៉ៃលិន (តាង៉ែន) និងដំណាំម្រេច ។
លើសពីនេះទៅទៀត ដើម្បីលើកកម្ពស់ផលិតផលកសិកម្មឱ្យមានការរីកចម្រើនកាន់តែខ្លាំងគេបានជ្រើសរើសខេត្តចំនួន ៣ រួមមាន ខេត្តបាត់ដំបង កំពង់ស្ពឺ និងកំពង់ធំ សម្រាប់ការបង្កើតតំបន់ឧស្សាហកម្មទៀតផង ។