ក្រមសីលធម៌នៃការគ្រប់គ្រងធនធានមនុស្ស
ក្រមសីលធម៌ និងការគ្រប់គ្រងធនធានមនុស្ស
August 30, 2023
Author:
Run Savuth
មុននឹងឈានដល់ការបកស្រាយអំពី “ក្រមសីលធម៌ និងការគ្រប់គ្រងធនធានមនុស្ស” គប្បីស្គាល់អំពីពាក្យ “ក្រមសីលធម៌” និង “ការគ្រប់គ្រងធនធានមនុស្ស” ជាមុនសិន។
តើ “ក្រមសីលធម៌” ជាអ្វី?
ក្រមសីលធម៌ សំដៅលើគុណតម្លៃនានា ដែលកំណត់នូវអាកប្បកិរិយារបស់មនុស្សយើងម្នាក់ៗ ដើម្បីធ្វើឱ្យការរស់នៅ និងទំនាក់ទំនងជាមួយមនុស្សជុំវិញមានលក្ខណៈប្រសើរឡើង។ ក្រមសីលធម៌ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅរបស់មនុស្សយើងម្នាក់ៗ ក្នុងការធ្វើឱ្យជីវិតមានសុខសុភមង្គល។ ប្រសិនបើមានក្រមសីលធម៌ មនុស្សនឹងរស់នៅដោយភាពស្មោះត្រង់ និងការជឿទុកចិត្តគ្នា។
តើ “ការគ្រប់គ្រងធនធានមនុស្ស” ជាអ្វី?
ការគ្រប់គ្រងធនធានមនុស្ស សំដៅលើដំណើរការនៃការរៀបចំ ការគ្រប់គ្រង ការជ្រើសរើស ការវាយតម្លៃ និងការផ្ដល់នូវសំណងផ្សេងៗដល់កម្មករនិយោជិត ដែលបម្រើនៅក្នុងអង្គភាព ស្ថាប័ន គ្រឹះស្ថាន ឬសហគ្រាស ដើម្បីសម្រេចនូវគោលដៅ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
មុខងារដ៏សំខាន់បំផុតក្នុងការគ្រប់គ្រងធនធានមនុស្ស គឺបណ្ដុះបណ្ដាល ហ្វឹកហ្វឺនការងាររយៈពេលខ្លី តាមដាន ត្រួតពិនិត្យ និងវាយតម្លៃសកម្មភាពការងារជាក់ស្ដែងរបស់កម្មករនិយោជិត។
តើ “ក្រមសីលធម៌នៃការគ្រប់គ្រងធនធានមនុស្ស” ជាអ្វី?
តាមការសង្កេតពីខាងលើ យើងអាចធ្វើការសន្និដ្ឋានថា ក្រមសីលធម៌ក្នុងការគ្រប់គ្រងធនធានមនុស្ស សំដៅលើគោលការណ៍ តម្លៃ និងស្តង់ដារដែលណែនាំឥរិយាបថ និងដំណើរការធ្វើការសម្រេចចិត្តនៅផ្នែកធនធានមនុស្សរបស់អង្គភាពមួយ។ វាពាក់ព័ន្ធនឹងការលើកកម្ពស់ការប្រព្រឹត្តិដោយយុត្តិធម៌ និងសមធម៌របស់និយោជិត ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ និងធានានូវការអនុវត្តប្រកបដោយក្រមសីលធម៌នៅក្នុងសកម្មភាពទាំងអស់ដែលទាក់ទងនឹងធនធានមនុស្ស។
នេះគឺជាទិដ្ឋភាពសំខាន់ៗមួយចំនួននៃក្រមសីលធម៌ក្នុងការគ្រប់គ្រងធនធានមនុស្ស៖
- ការទទួលបានឱកាសស្មើគ្នា និងគ្មានការរើសអើង
- ការសម្ងាត់ និងឯកជនភាពរបស់បុគ្គលិក
- ទំនាស់ផលប្រយោជន៍
- តម្លាភាព និងភាពស្មោះត្រង់
- ការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ
- ការជ្រើសរើសប្រកបដោយក្រមសីលធម៌
- សុខុមាលភាពរបស់បុគ្គលិក
- ការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បង្កើតឱ្យមាននូវ ភាពចម្រុះ សមធម៌ និងការដាក់បញ្ចូល
ចំណុចបន្ថែម
យ៉ាងណាមិញ នៅកន្លែងការងារ បុគ្គលិក ឬមិត្តរួមការងារគ្រប់រូប គប្បីមានក្រមសីលធម៌ ៥ យ៉ាងជាប់ខ្លួនផងដែរ ដើម្បីឱ្យកន្លែងការងារក្លាយទៅជាទីកន្លែងគួរជាទីមនោរម្យសម្រាប់បុគ្គលិកគ្រប់គ្នា ។
ក្រមសីលធម៌ទាំង ៥ យ៉ាងនោះរួមមាន៖
១. ជាជាងស្រែកហៅមិត្តរួមការងារដែលនៅឆ្ងាយ អ្នកអាចឆាតទៅកាន់ពួកគាត់ជំនួសវិញ
២. បិទសំឡេងទូរស័ព្ទ ជៀសវាងសំឡេងរោទិ៍នៃទូរស័ព្ទនៅពេលកំពុងផ្ដោតអារម្មណ៍ធ្វើការងារ
៣. កុំបង្កើតសំឡេងរំខាន ដោយនិយាយឮៗដូចនៅផ្ទះ
៤. រក្សាអនាម័យជានិច្ច រៀបចំតុធ្វើការ ឬការិយាល័យការងារឱ្យបានស្អាត
៥. គោរពច្បាប់ និងបទបញ្ញត្តិរបស់ក្រុមហ៊ុន